ចុមឡូយម្ល៉េះ! ថ្មីទៀតហើយធ្វើទឹកដោះគោដោយមិនប្រើសត្វគោ
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា នាពេលនេះយើងមិនចាំបាច់ត្រូវមានសត្វគោ ដើម្បីច្របាច់ដោះយកទឹកដោះឡើយ។ គេអាចបង្កើតទឹកដោះគោតាមរយៈការបណ្តុះមេដូចទៅនឹងស្រាបៀអញ្ចឹង។ និយាយទៅវាហាក់បីដូចជាពិបាកធ្វើដែរ តែក្រុមហ៊ុនមួយហៅថា Perfect Day បានរៀបរាប់ពីលំដាប់លំដោយទូទៅនៃការផលិតទឹកដោះគោជំនាន់ថ្មីរបស់ខ្លួន។
ក្រុមហ៊ុននេះ ចាប់ផ្តើមដោយអ្នកវិទ្យាសាស្ត្រពីររូប គឺលោក Ryan Pandya និង លោក Perumal Gandh។ ពួកគេទាំងពីរនាក់មានចំណុចដូចគ្នាមួយ មុនពេលចាប់ផ្តើមពួតដៃគ្នាផលិតទឹកដោះគោនេះ។ ចំណុចដូចគ្នានោះ គឺចំណង់ក្នុងការផលិតទឹកដោះគោ ដោយមិនចាំបាច់ត្រូវយកពីសត្វគោ។
មូលហេតុនៃការផលិតឡើង គឺព្រោះតែមានមនុស្សមួយចំនួន គឺជាអ្នកបួសមិនប្រើប្រាស់ និងទទួលរបស់យកមកពីសត្វ និងអ្នកខ្លះទៀតមិនអាចទទួលទឹកដោះគោបាន ព្រោះឲ្យតែហ៊ានទទួលទាន គឺដឹងតែរាគ។ ក្រុមមនុស្សទាំងនោះ អាចទទួលទានទឹកសណ្តែក ឬទឹកអាល់ម៉ុនបាន។ តែទឹកទាំងនោះមិនមានជាតិដូចទឹកដោះគោទេ។ ហេតុដូចនេះហើយទើប Ryan និង Perumal ផលិតទឹកដោះគោ ដែលមិនមែនយកពីសត្វ និងគ្មានជាតិធ្វើឲ្យរាគ។ កាន់តែពិសេសទៀតនោះ គឺវាមានរសជាតិ និងសារធាតុចិញ្ចឹមដូចទៅនឹងទឹកដោះគោធម្មជាតិដែរ។
គន្លឹះនៃការផលិតបាននូវទឹកដោះគោពិសេសនេះ គឺការប្រើប្រាស់មេហៅថា «Buttercup»។ នៅក្នុងទឹកដោះគោនោះ គឺគ្មានឡើយនូវសារធាតុមិនល្អមួយចំនួនដូចជា៖ ឡាក់តូស អរម៉ូន អង់ទីប្យូទិក ស្តេរ៉ូអ៊ីត និង កូឡេស្តេរ៉ល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Perfect Day សង្ឃឹមថានឹងអាចចេញលក់ផលិតផលទឹកដោះគោសំយោគរបស់ពួកគេនៅចុងឆ្នាំ២០១៧៕ អរគុណដល់ប្រភព៖ កោះសន្តិភាព